គន្លឹះ​សាមញ្ញ 5 យ៉ាង​ដើម្បី​ឲ្យ​ប្លុក​ដំណើរការ​លឿន

    ជា​ធម្មតា មិន​ថា​យើង​ជា​ម្ចាស់​ប្លុក ឬ​មើល​ប្លុក​ទេ តែងតែ​ចង់​ឲ្យ​ប្លុក​មួយ​ដែល​យើង​បើក​មើល​នោះ​ដំណើរការ​លឿន ទោះ​បី​អ៊ីនធឺណិត ដើរ​មិន​សូវ​លឿន​ក៏​ដោយ។ ពេល​នេះ​ផង​ដែរ ទីងមោង​ សូម​ណែនាំ​លោកអ្នក​នូវ​គន្លឹះ​សាមញ្ញ​ៗ​ទាំង 5យ៉ាង ដែល​ធ្វើ​ឲ្យ​ប្លុក​របស់​យើង ដំណើរការ​លឿន​ក្នុង​ការ​ផ្ទុក​ទំព័រ។ ហើយ​គន្លឹះ​នេះ​ផង​ដែរ ក៏​ខ្ញុំ​បាន​មក​ពី​ការ​សិក្សា​ ក៏​ដូច​ជា​ការ​សាក​សួរ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ដែល​មាន​ដូចជា : គ្រូ​តា Google, Youtube ជាដើម។ ដូចនេះ បើ​មាន​កំហុស​ឆ្គង​ត្រង់ណា​សូម​អធ្យាស្រ័យ។ សូម​មើល​វិធី​ងាយៗ ដូច​ខាងក្រោម​ដើម្បី​ឲ្យ​ប្លុក​ដំណើរការ​លឿន។

1. ជៀសវាង​ការ​ប្រើ JavaScript ច្រើន​ពេក​នៅ​ក្នុង​ប្លុក​របស់​អ្នក ៖ 
   ជា​ទូទៅ JavaScript ជា​កូដ​មួយ​ដែល​គេ​និយម​ប្រើ​នៅ​ក្នុង​គេហទំព័រ ដែល​មាន​ទាំង​ការ​លម្អ​ផ្សេងៗ។ ចំពោះ JavaScript ណា​ដែល​មិន​ចាំបាច់​លោកអ្នក​ពុំ​គួរ​ប្រើ​វា​ឡើយ ព្រោះ​ថា វា​ធ្វើ​ឲ្យ​ប្លុក​របស់​អ្នក​ដំណើរ​ការ​យឺតយូរ​ណាស់ អ្នក​ប្រើ Blogger យូរ​ឆ្នាំ ប្រាកដ​ជា​ដឹង​អំពី​រឿង​នេះ កាលដែល​ប្លុក​មាន​កូដ JavaScript ច្រើន ធ្វើ​ឲ្យ Blogger នោះ​នឹង​ដំណើរការ​យូរ។

2. ការ​ប្រើប្រាស់​រូបភាព ឬ​វីដេអូ ដែល​មាន​ទំហំ​តូច​នៅ​ក្នុង​គេហទំព័រ ៖ 
   ក្នុង​ការ​ដាក់​ប្រកាស លោកអ្នក​នឹង​មិន​អាច​ចៀសវាង​បាន​ឡើយ​ក្នុង​ការ​ ដាក់​រូបភាព ឬ​មាន​ជា​ឯក​សារ​វីដេអូ។ តែ​ចំពោះ​រឿង​នេះ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ម៉ត់ចត់ ដោយ​ធ្វើ​យ៉ាងណា​កុំ​យក​រូបភាព ដែល​មាន​ទំហំ​ធំៗ​ពេក គឺ​លោកអ្នក​គួរ​តែ​បម្លែង​វា​ឲ្យ​មាន​ទំហំ​តូច​វិញ​ទើប​ល្អ។ ហើយ​ចំពោះ​ឯកសារ​ជា​វីដេអូ ខ្ញុំ​គិត​ថា មាន​មនុស្ស​ច្រើន​ណាស់​បាន​ដឹង គឺ​គេ​មិន​ដែល​យក​វីដេអូ ទៅ Upload ឆៅ​ៗ​ចូល​នោះ​ទេ គឺ​យើង​ត្រូវ Upload វា​ចូល​ក្នុង​គេហទំព័រ Youtube សិន ហើយ​សឹម​យក​កូដ​ពី Youtube មក​បិទ​ភ្ជាប់​ក្នុង​ប្លុក​វិញ។

3. លុប​ចោល​នូវ​កន្លែង​ទំនេរ​ចោល​ឥត​ប្រយោជន៍​ក្នុង​ប្លុក​របស់​អ្នក ៖ 
   អ្នក​គួរ​ដក​ហូត យក​វា​ចោល​នូវ​កូដ​មួយ​ចំនួន ដែល​មិន​ត្រូវ​បាន​ប្រើ​ក្នុង​ប្លុក​របស់​យើង ហើយ​បើ​យើង​ទុក​ឲ្យ​កូដ​ដែល​មិន​ដំណើរការ ឬ​ផ្ទុក​វា​ចោល​ដោយ​ឥត​ប្រយោជន៍​នោះ គេហទំព័រ​ក៏​ធ្ងន់​ឥត​ប្រយោជន៍​ដែរ។ 

4. ពឹងផ្អែក​លើ​ទំព័រ​បណ្ដាញ​របស់​អ្នកដទៃ ៖ 
   អ្នក​គួរ​ប្រើប្រាស់​នូវ​គេហទំព័រ​ឬ​ប្លុក​ដទៃ​មួយ​ចំនួន​ដើម្បី​ធ្វើ​ជា​ឃ្លាំង សម្រាប់​ផ្ទុក​នូវ​ឯកសារ​នានា រូបភាព​ឬ​ជា​វីដេអូ​ជាដើម។ ជា​ឧទាហរណ៍ ៖ នៅ​ពេល​ដែល​អ្នក​បង្កើត​ប្លុក ដើម្បី​តេស្ត​មើល​សាកល្បង (Demo) កូដ HTML មួយ នោះ​លោកអ្នក​អាច​យក​វា​ទៅ​ប្រើប្រាស់​ជាមួយ​នឹង Google Drive ដែល​វា​អាច​អនុញ្ញាត​ឲ្យ​បង្ហោះ​កូដ CSS និង​HTML បាន​ដែរ។ 

5. ការ​ប្រើ​តំណ​ឯកសារ​ពី​គេហទំព័រ​ឬ​ប្លុក​ដែល​មាន​ហើយ ៖ 
   នេះ​ជា​គន្លឹះ​មួយ​ដែរ ដែល​លោកអ្នក​គួរ​តែ​សាកល្បង​ដែរ ហើយ​បើ​ចំណែក​អ្នក​ដែល​មាន​ភាព​លាក់បាំង​នូវ​ប្រភព​ឯកសារ​ណា​មួយ​នោះ​ក៏​ខ្ញុំ​មិន​ដឹង​ធ្វើ​ម្ដេច​ដែរ។ ចំពោះ​ផ្នែក​នេះ ខ្ញុំ​សូម​ឲ្យ​លោកអ្នក​ចេះ​ប្រើ​ប្រាស់ តំណ​ពី​គេហទំព័រ​របស់​អ្នកដទៃ ​យក​ទៅ​ប្រើ​ក្នុង​ប្លុក​របស់​យើង ឧទាហរណ៍​ ៖ យើង​សរសេរ​អត្ថ​បទ​មួយ ហើយ​ដាក់​ឲ្យ​គេ​ទាញ​យក រូប​ភាព​ ឬ​មើល​រូបភាព។ ​ហើយ​រូបភាព​ដែល​អ្នក​ចង់​ឲ្យ​គេ​មើល​នោះ មាន​ស្រាប់​នៅ​ក្នុង​គេហទំព័រ​របស់​អ្នកដទៃ​ហើយ អ្នក​គួរតែ​បិទភ្ជាប់​ជា​តំណ​ (URL) វិញ​ទើប​ជា​ការ​ប្រសើរ វា​អាច​ជួយ​សន្សំ​ទំហំ​ផ្ទុក​ប្លុក បាន​មួយ​កម្រិត​ដែរ។ 

   ៙ សូម​អរគុណ​លោក​អ្នក​ដែល​បាន​មើល​អត្ថបទ​នេះ​ពីដើម​ដល់​ចប់ ហើយ​បើ​មាន​កំហុស​ឆ្គង​ត្រង់ណា​សូម​អធ្យាស្រ័យ ព្រោះ​នេះ​ជា​ចំណេះដឹង​បន្តិចបន្តួច​ដែល​បាន​មក​ពី​ការ​សាកល្បង និង​ការ​ស្ដាប់​នូវ​ដំបូន្មាន​របស់​អ្នកដទៃ :D បើ​យល់​ថា​ល្អ សូម​ជួយ​ចុច Like និង ចែករំលែក​បន្ត​ផង៕

អត្ថបទស្រដៀងគ្នា:

0 Response to "គន្លឹះ​សាមញ្ញ 5 យ៉ាង​ដើម្បី​ឲ្យ​ប្លុក​ដំណើរការ​លឿន"

Post a Comment