ការសរសេរប្លក់គឺជាសកម្មភាពមួយដែលខ្ញុំចូលចិត្តជាងសកម្មភាពណាៗទាំងអស់ ព្រោះការសរសេរប្លក់មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់យើងនោះទេ គឺជួយដល់អ្នកដែលនៅជុំវិញខ្លួនយើងផងដែរ។ កាលពីមុនខ្ញុំគ្រាន់តែជាអ្នករៀនតាមប្លក់ តែពេលនេះ ខ្ញុំអាចចេះប្លក់ករច្រើន ដែលអាចបង្ហាត់បង្ហាញបន្តដល់អ្នកដទៃបាន។ ខ្ញុំ មានគោលគំនិត៣ជំហាន មុននឹងចាប់ផ្តើមសរសេរប្លក់។
មិនថាខ្ញុំ ឬអ្នកដទៃទេ មុននឹងចាប់ផ្តើមជាមួយនឹងការសរសេរប្លក់ភាគច្រើនគឺគិតដល់ចំណុចទាំង៣ជំហាននេះ។ ការចាប់ផ្តើមតាមដំណាក់កាលធ្វើឲ្យយើងសម្រេចបាននូវភាពជោគជ័យមួយ មិនវិលវល់។ ក្នុងការសរសេរប្លក់ មិនចាំបាច់ទាល់តែអ្នកដែលចេះកូដខ្លាំងនោះទេ អ្នកគ្រាន់តែចេះប្រើកម្មវិធីការិយាល័យទៅក៏អាចធ្វើវាបានដែរ។ ហើយខ្ញុំក៏សង្ឃឹមផងដែរថាអ្វីដែលខ្ញុំចែករំលែកតាមរយៈប្លក់មួយនេះ នឹងអាចជួយលោកអ្នកឲ្យមានចំណេះដឹងលើសពីនេះទៀត ក៏ដូចជាកន្លែងសម្រាប់ផ្ទុកឃ្លាំងឯកសារខ្នាតតូចផងដែរ។ ជំហាន៣យ៉ាងមុននឹងចាប់ផ្តើមសរសេរប្លក់ ដែលខ្ញុំចង់បង្ហាញជូនលោកអ្នកដែលចង់សរសេរប្លក់ឲ្យបានដឹងនោះមានដូចខាងក្រោម ៖
1. ជំហានទីមួយ ៖ "ការកំណត់គោលដៅ" :
មុននឹងសរសេរប្លក់ យើងតែតែមានគោលដៅរួចហើយ ថាតើយើងនឹងសរសេរអំពីអ្វី? សរសេរដើម្បីអ្វី? ការសរសេរប្លក់មានច្រើនបែបណាស់។ អ្នកអាចសរសេរអំពី កំណត់ហេតុ, សរសេរកែអផ្សុក, សរសេរអំពីចំណេះដឹងផ្នែកពត៌មានវិទ្យា ឬមួយផ្សព្វផ្សាយផលិតផលផ្សេងៗ។ ហើយដើម្បីអ្វីនោះ ក៏លោកអ្នកត្រូវមានគោលដៅដែរ។ អ្នកអាចសរសេរដើម្បី រកលុយ ឬគ្រាន់តែសរសេរដើម្បីចំណេះដឹង។ ចំពោះខ្ញុំ ខ្ញុំប្រហែលសរសេរដើម្បីចែករំលែកចំណេះដឹងច្រើនជាងការរកលុយ។
2. ជំហានទី២ ៖ "ការជ្រើសរើសឈ្មោះ (Domain Name)" :
ក្រោយពីបានកំណត់គោលដៅ ថាយើងនឹងសរសេរអំពីអ្វីហើយ អ្នកគួរតែជ្រើសរើសឈ្មោះ (URL) ប្លក់របស់អ្នក ឲ្យសមស្របតាមអ្វីដែលអ្នកចង់សរសេរ បង្ហាញនៅក្នុងប្លក់។ អ្នកគួរជ្រើសរើសឈ្មោះ ងាយចាំ ឬខ្លីកាន់តែប្រសើរ សម្រាប់អ្នកទស្សនា។
3. ជំហានទី៣ ៖ "ជ្រើសរើសទ្រង់ទ្រាយ" :
ការជ្រើសរើសទ្រង់ទ្រាយ ស្បែកប្លក់នេះ ក៏សំខាន់ណាស់ដែរ។ លោកអ្នកត្រូវជ្រើសរើស ស្បែក (Template) ប្លក់ឲ្យសម ទៅនឹងអ្វីដែលអ្នកសរសេរ អ្នកមិនត្រូវបន្ថែមផ្នែកដែលនាំឲ្យអ្នកទស្សនា ពិបាកនៅពេលមើលនោះទេ។ ចំពោះខ្ញុំ គឺខ្ញុំចូលចិត្តទ្រង់ទ្រាយប្លក់សាមញ្ញ ធម្មតាៗ ងាយមើល។
អត្ថបទនេះ ត្រូវបានសរសេរដោយគំនិតខ្ញុំ និងមួយចំនួនទៀតបកប្រែពីប្លក់បរទេស។ រាល់កំហុសឆ្គងទាំងឡាយសូមអធ្យាស្រ័យផង។ សូមអរគុណ ចំពោះការចំណាយពេលអានប្លក់របស់ខ្ញុំ។
0 Response to "៣ ជំហានមុនពេលសរសេរប្លក់ ដែលអ្នកគួរដឹង"
Post a Comment