ហេតុ​ផល ១០​យ៉ាង​ដែល​បង្ហាញ​ថា Blogger ប្រសើរ​ជាង Wordpress

   បើ​និយាយ​ដល់​ប្លក់ មនុស្ស​ភាគ​ច្រើន ក៏​ដូច​ជា​ខ្ញុំ ច្រើន​តែ​ស្គាល់ Blogger និង Wordpress។ Blogger និង Wordpress មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​វា​រៀងៗ​ខ្លួន អាស្រ័យ​ទៅ​លើ​ការ​ប្រើ។ ចំពោះ​ខ្ញុំ ខ្ញុំ​ចេះ​ប្រើ​ទាំង​ពីរ តែ​ប្រហែល​ជា​ជំនាញ Blogger ជាង។ ទោះ​បី​ជា Wordpress មាន​លក្ខណៈ​ពិសេស​ប្លែក​ក៏​ដោយ សម្រាប់​មនុស្ស​សាមញ្ញ​ដូច​ខ្ញុំ ប្រើ Blogger (ប្លក់ករ) ល្អ​ច្រើន​ជាង។ :D

   ផ្ទុយ​មក​វិញ សម្រាប់​អ្នក​ដែល​ប្រើ Wordpress មាន​ការ​យល់​ឃើញ​ផ្សេង​ដោយ​ឡែក​ពី ខ្ញុំ​ដែល​ប្រើ Blogger។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​នឹង​សរសេរ​អត្ថបទ​មួយ បង្ហាញ​ឲ្យ​ឃើញ​ថា​ Blogger ល្អ​ប្រសើរ​ជាង Wordpress ដែល​នៅ​ក្នុង​នោះ​មាន ១០ ចំណុច។

១/. ជា​សេវា ឥតគិត​ថ្លៃ ៖
   ប្លក់ករ (Blogger) ជា​សេវា​បង្ហោះ​ឥត​គិត​ថ្លៃ​របស់​ Google ដែល​មិន​បាន​តម្រូវ​ឲ្យ​អ្នក​បង់​ប្រាក់​សូម្បី​តែ​មួយ​កាក់​មួយ​សេន និង​មាន​សុពល​ភាព​មួយ​ជីវិត។ នេះ​ហើយ​គឺ​ជា​គុណ​ប្រយោជន៍​ដ៏​ធំធេង​ណាស់ ដែល​អ្នក​មិន​ចាំ​បាច់​ត្រូវ​បង់​ប្រាក់​ជា​រៀង​រាល់​ឆ្នាំ​ឡើយ ប្រសិន​បើ​អ្នក​បង្កើត​វា​សម្រាប់​តែ​សរសេរ​កំណត់​ហេតុ​ជីវិត​តូច​តាច (សម្រាប់​អ្នក​ចង់​បាត់ Domain.blogspot. ត្រូវ​បង់​ប្រាក់ 10$/1ឆ្នាំ សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង តែ​សម្រាប់​ប្រទេស​ផ្សេង ខ្ញុំ​ក៏​អត់​បាន​ដឹង​ដែរ​ទេ :D)។

២/. ភាព​ទុក​ចិត្ត​បាន ៖
   Blogger ជា​របស់​ Google ដែល​ជា​ក្រុម​ហ៊ុន ដ៏​ធំ​មួយ​ដែល​យើង​អាច​ទុក​ចិត្ត​បាន។ Google ជា​ក្រុម​ហ៊ុន​ដ៏​ធំ និង​ដ៏​កំពូល​គេ​ក្នុង​ពិភព​លោក ដែល​មាន​អ្នក​ទស្សនា​ ច្រើន​ជា​គេ​បង្អស់។ ក្រុម​ហ៊ុន​របស់​ពួក​គេ​មាន​បុគ្គលិក​រាប់​ពាន់​នាក់ និង​មាន Server ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ដូច្នេះ​ហើយ សម្រាប់​យើង​ជា​អ្នក​ប្រើ គឺ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អ្វី​ទាំងអស់។

៣/. មាន Template (ស្បែក​ប្លក់) ឥត​គិត​ថ្លៃ រាប់​រយ រាប់​ពាន់ ៖
   លោក​អ្នក​អាច​ទាញ​យក Template ស្អាត​របស់​ Blogger បាន​ដោយ​មិន​គិត​ប្រាក់ និង​ស្អាតៗ​ទៀត​ផង។ អ្វី​ដែល​សំខាន់​ជាង​នេះ បើ​សិន​ជា​លោក​អ្នក​ អាច​ទាំង​កែ​កូដ​បាន​តាម​ចិត្ត (សម្រាប់​អ្នក​យល់​ដឹង​ច្រើន អំពី កូដ CSS និង HTML មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រចនា ប្លក់​ជាង​យើង​អ្នក​អត់​ចេះ) ឬ​ម្យ៉ាង​វិញ​ទៀត លោក​អ្នក​អាច​ទាក់​ទង ស្នើ​សុំ​ទៅ​កាន់​អ្នក​ជំនាញ ខាង​ធ្វើ Template ប្លក់ ឲ្យ​គេ​ជួយ​ធ្វើ​ឲ្យ ដោយ​លោក​អ្នក​គ្រាន់​តែ បង់​ប្រាក់​ឲ្យ​គេ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ លោក​អ្នក​អាច​ផ្លាស់​ប្ដូរ Template របស់​ប្លក់​ដោយ​ចំណាយ​ពេល តិច​តួច​បំផុត គឺ​សឹង​តែ​មិន​ដល់​មួយ​នាទី​ផង។

៤/. មាន​សុវត្ថិភាព​ខ្ពស់ ៖
   បើ​តាម​ដែល​ខ្ញុំ​ធ្លាប់​បាន​ដឹង ប្រភេទ CMS ផ្សេងៗ ដែល​មាន ដូច​ជា Joomla ឬ Wordpress នៅ​តែ​មាន​ចន្លោះ​ប្រហោង ដែល​នាំ​ឲ្យ​អ្នក​ដែល​មាន​បំណង​មិន​ល្អ អាច exploit ចូល​បាន តាម​រយៈ Bug ថ្មីៗ ដែល​គេ​បាន​ចេញ។ ដូច​នេះ ហើយ​សម្រាប់​អ្នក​ដែល​គ្រប់​គ្រង Wordpress ឬ Joomla គឺ​ត្រូវ​តែ​រវល់​ជា​មួយ​នឹង​ការ អាន កូដ Bug ថ្មីៗ ដែល​គេ​បាន​ចេញ​មក ហើយ​ត្រូវ​ការ​ពារ និង​ត្រៀម​ខ្លួន​ជា​ប្រចាំ (ខ្ញុំ​និយាយ​នេះ មិន​មែន​បង្អាប់ Wordpress ឬ CMS ប្រភេទ​ដ៏​ទៃ​ទេ)។ ងាក​មក​មើល Blogger វិញ គឺ​វា​មិន​ងាយ​មាន Bug (ចន្លោះ​ប្រហោង) ទេ ព្រោះ​ថា វា​ជា​ផលិត​ផល​របស់ Google ដោយ​លោក​អ្នក​គ្រាន់​តែ​រក្សា Gmail របស់​លោក​អ្នក​ដោយ​មិន​ធ្វេស​ប្រហែស ទៅ​បាន​ហើយ។

៥/. ល្អ​សម្រាប់​អ្នក​ដែល​ទើប​នឹង​រៀន​សរសេរ​ប្លក់ ៖
   សម្រាប់​អ្នក​ដែល​ទើប​នឹង​រៀន​សរសេរ​ប្លក់ លោក​អ្នក​អាច​ប្រើ Blogger បាន ដោយ​មិន​ចាំ​បាច់​ចេះ​កូដ ឬ​ចេះ​អ្វី​ឲ្យ​ធំ​ដុំ​ទេ ព្រោះ​ថា វា​មិន​ខុស​អ្វី​ប៉ុន្មាន​ពី​ការ​ប្រើ កម្ម​វិធី​ការិយាល័យ​ឡើយ។

៦/. ងាយ​ស្រួល​ក្នុង​ការ​សរសេរ ៖
   នៅក្នុង Blogger លោក​អ្នក​អាច​ជ្រើសរើស​ការ​សរសេរ ដោយ​សរសេរ​តាម​បែប​ធម្មតា ដូច​ក្នុង​កម្ម​វិធី​ការិយាល័យ​ក៏​បាន ហើយ​លោក​អ្នក​អាច​ជ្រើសរើស​ក្នុង​ការ​សរសេរ​តាម​បែប HTML Code ក៏​បាន។ ដូច​នេះ ហើយ អ្វី​ដែល​សំខាន់​លោក​អ្នក​គ្រាន់​តែ​រៀន​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ជា​មួយ នឹង HTML ក៏​បាន។ ហើយ កូដ HTML នេះ​មិន​ពិបាក​ក្នុង​ការ​រៀន​ឡើយ។

៧/. បង្កើន​សមត្ថភាព​ស្វែង​រក​ (SEO) នៅ​លើ Google ៖
   ដូច​រៀប​រាប់​ខាង​ដើម​រួច​មក​ហើយ ថា Blogger ជា​របស់​ក្រុម​ហ៊ុន Google។ ដូច​នេះ​ហើយ Google នឹង​ជួយ​ជម្រុញ​ឲ្យ​ប្លក់​របស់​លោក​អ្នក​មាន​វត្ត​មាន កាន់​តែ​ខ្លាំងក្លា ក្នុង​ការ​ស្វែង​រក​នៅ​លើ​គេហទំព័រ​របស់​គេ (Google.com) ដែល​ជា​គេហទំព័រ​ដ៏​ធំ​មួយ។

៨/. អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដោយ​មិន​ចាំ​បាច់​អស់​លុយ ៖
   នៅ​ពេល​ដែល​ចាប់​ផ្ដើម​ជា​មួយ​នឹង​ការ​សរសេរ​ប្លក់ លោក​អ្នក​នឹង​មិន​ទាន់​បាន​ដឹង​សោះ អំពី​ការ​ប្រើ​ប្រាស់ គេហទំព័រ ឬ​ប្លក់។ ដូច្នេះ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ៖ "កាល​ដំបូង​ឡើយ ខ្ញុំ​​ចេះ​តែ ឆែក​អ៊ីនធឺណេត និង​ចេះ​ប្រើ​កម្ម​វិធី​ការិយាល័យ​តិច​តួច​បំផុត ពិសេស​គឺ​សរសេរ​អក្សរ​ខ្មែរ (Typing) យឺត​ណាស់"។ តែ​ក្រោយ​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្វែង​យល់ និង​ខិត​ខំ​សរសេរ​ប្លក់, កែ​កូដ, រចនា​ប្លក់ និង​ស្វែង​យល់​ពី​គន្លឹះ​នានា "ខ្ញុំ​មិន​ដែល​រៀន CSS ទេ គឺ​ធ្លាប់​តែ​រៀន HTML ប៉ុណ្ណោះ" តែ​ខ្ញុំ​បាន​ចេះ ដោយ​សារ​តែ​ការ​សរសេរ​ប្លក់។

៩/. ការ​ត្រួត​ពិនិត្យ​ទៅ​លើ SPAM ៖
   ខ្ញុំ​មិន​សូវ​ជា​បាន​ដឹង​ប៉ុន្មាន​ទេ​នៅ​ក្នុង​ផ្នែក​នេះ។ ទោះ​យ៉ាង​ណា ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា អ្នក​ដែល​បើ Wordpress ត្រូវ​បង់​ការ​ចំណាយ​របស់​ពួក​គេ ក្នុង​ការ​ត្រួត​ពិនិត្យ​សារ ដែល​ឥត​បាន​​ការ (SPAM)។ ងាក​មក​ Blogger វិញ គឺ​វា​មាន​សមត្ថភាព​នេះ ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​អស់​សូម្បី​មួយ​សេន។ :D

១០/. សន្តិសុខ ៖
   Blogger ជា​របស់ Google។ តើ​យើង​អាច​ទុក​ចិត្ត​បាន​កម្រិត​ណា​ចំពោះ Google។ បាទ! វា​សឹង​តែ​មួយ​រយ​ភាគ​រយ​ទៅ​ហើយ ព្រោះ​ថា វា​ត្រូវ​បាន​ការ​ពារ​ដោយ Google។ ដូច្នេះ ការ​រាំង​ខ្ទប់ ពី​ការ​វាយ​ប្រហារ​គឺ​មិន​មាន​ជា​បញ្ហា​ទេ​សម្រាប់​អ្នក​សរសេរ​ប្លក់​ឡើយ។ អ្វី​ដែល​សំខាន់ ក៏​ដូច​ជា ដំបូន្មាន​សម្រាប់​អ្នក ៖ "បើ​អ្នក​ សរសេរ​កំណត់​ហេតុ​មួយ​ដ៏​ល្បី គឺ​គួរ​តែ​មាន Wifi ផ្ទាល់​ខ្លួន និង​មិន​បើ Wifi Free ដែល​មិន​ដឹង​ទីតាំង​ពិត​ប្រាកដ" ដោយ​ហេតុ​ថា ឥឡូវ​នេះ គេ​អាច​បង្កើត ជា​ប្រភេទ Free Wifi (Fake Access Point) ដែល​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ដោយ​មិន​គិត​ថ្លៃ តែ​ធាតុ​ពិត នៅ​ពេល​ដែល​យើង Login គេ​បាន​ទទួល Email និង Password យើង​បាន​ដោយ​ជោគ​ជ័យ​បាត់​ទៅ​ហើយ។ :D

   ជា​យោបល់​បញ្ចប់ ការ​សរសេរ​ទាំង 10 ចំណុច​របស់​ខ្ញុំ​ដែល​បង្ហាញ​ខាង​លើ​នេះ នឹង​បាន​ផ្ដល់​ជា​ប្រយោជន៍ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​លោក​អ្នក​ដែល​ងប់ងុល នឹង Blogger ផង​ទៅ​ចុះ។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "ហេតុ​ផល ១០​យ៉ាង​ដែល​បង្ហាញ​ថា Blogger ប្រសើរ​ជាង Wordpress"

Post a Comment